ភ្នំពេញ៖ ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ បានត្រួតពិនិត្យយានយន្តសរុបចំនួន ១៩៨,៤៣៨ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦២% ហើយបានរកឃើញយានយន្តល្មើសចំនួន ៣៩,៣៧៧ គ្រឿង ស្មើ ២០% និងបានធ្វើការអប់រំចំនួន ១៣,៤៣៩ គ្រឿង ស្មើ ៣៤%។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងឧសភា។
ជាមួយគ្នានេះបានធ្វើការពិន័យចំនួន ២៥,៩៣៨ គ្រឿង ស្មើ ៦៦% តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ហើយទទួលបានប្រាក់ពិន័យចំនួន ៧១៨,២៨០,០០០ រៀល (ប្រាំពីររយដប់ប្រាំប៊ីលានពីររយប៉ែតពាន់លានរៀលគត់)។
គួរកត់សម្គាល់ថា ការត្រួតពិនិត្យល្បឿនបានដំណើរការយ៉ាងសកម្ម រកឃើញរថយន្តបើកបរល្មើសល្បឿនចំនួន ១,៥៦៣ គ្រឿង, ការត្រួតពិនិត្យជាតិស្រវឹងបានចំនួន ៣,១៦៤ គ្រឿង ក្នុងនោះរថយន្តចំនួន ១,៤១៥គ្រឿង និងម៉ូតូចំនួន១,៧៤៩គ្រឿង រកឃើញអ្នកបើកបរស្រវឹងសរុប ៣៨នាក់ ស្មើ២% (អ្នកបើកបរម៉ូតូចំនួន៣១នាក់) និងបានធ្វើការអប់រំចំនួន២៥នាក់ និងបានធ្វើការពិន័យចំនួន ១៣នាក់។ ការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់លើម៉ូតូសរុបចំនួន ១០៦,៨៣៤គ្រឿង បានពិន័យករណីមិនពាក់មួកសុវត្ថិភាព ចំនួន ១៤,៥៣០គ្រឿងនិងមិនបំពាក់កញ្ចក់មើលក្រោយចំនួន ៤,៦២៩ គ្រឿង។
គួរបញ្ជាក់ថា៖គ្រោះថ្នាក់ចរាចរណ៍ក្នុងខែ មេសា-ឧសភា ឆ្នាំ២០១៩ បានកើត ឡើងចំនួន ៧៥៣លើក បណ្តាលឱ្យស្លាប់ចំនួន៣៥៥ នាក់និងរបួសចំនួន ១,១៤០នាក់ (របួសធ្ងន់៧៧៧នាក់) ៕
អត្ថបទ៖ សុផល


