ថៃគ្រោងចាយលុយជាង៦០ពាន់លានដុល្លារ បង្កើតផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត
សេដ្ឋកិច្ច July 8, 2019 Khmernote

ថៃ៖ រដ្ឋាភិបាលថៃកំពុងតែពិចារណាលើគម្រោងបង្កើតផ្លូវរថភ្លើងល្បឿនលឿនឆ្ពោះទៅកាន់បណ្តាប្រទេសជិតខាងមួយចំនួនក្នុងតំបន់អាស៊ាន ក៏ដូចជាទៅដល់ប្រទេសចិន។ បើយោងតាមលោក Pailin Chuchottaworn​ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនថៃបានប្រាប់ឲ្យដឹងថា គម្រោងនេះគឺជាគម្រោងទីមួយហើយ ដែលថៃនឹងមានរថភ្លើងល្បឿនលឿន និងវែងដូចនេះ។ ក្នុងគម្រោងផ្លូវរថភ្លើងដែលគេត្រូវសាងសង់មានប្រវែងសរុបប្រមាណជា ៣,១៩៣ គីឡូម៉ែត្រ និងត្រូវចំណាយប្រាក់ចំនួន ២,០៧ លានលានបាត (ជាង ៦៧ ពាន់លានដុល្លារ)។

ផ្លូវរថភ្លើងនឹងមានស្ថានីយ៍នៅក្នុងតំបន់ Bang Sue ក្នុងក្រុងបាងកក ហើយផ្លូវរថភ្លើងនេះអាចភ្ជាប់ទៅដល់ ភាគជើងខេត្តឈៀងមៃរបស់ថៃ ភាគឦសានប្រទេសឡាវ ភាគខាងលិចប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម សិង្ហបុរី និងចិនផងដែរ។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះគម្រោងគឺស្ថិតនៅក្នុងការពិចារណានៅឡើយ ដោយគេកំពុងសិក្សាពីផលប៉ះពាល់ និងកំពុងរកយន្តការដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានពីគម្រោងមួយនេះ ហើយការសម្រេចជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ ភក្តី