ប្រទេសអារ៉ាប់រួមក្រៅតែពីរកលុយបានយ៉ាងច្រើនពីការលក់ប្រេងឆៅហើយនោះ ពេលនេះត្រូវបានគេរាយការណ៍ថា ប្រទេសអ្នកមានមួយនេះកំពុងតែអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ថាមលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ធំជាងគេនៅលើពិភពលោកផងដែរ។ យោងតាមតាមការចុះផ្សាយទៅក្នុងសារព័ត៌មាន Engadget បានឲ្យដឹងថា ពេលនេះក្រុមហ៊ុនអគ្គិសនី និងទឹកដ៏ធំរបស់អារ៉ាប់បានចាប់ផ្តើមដំណើរការនូវគម្រោងផ្គត់ផ្គង់ថាមពលសូឡាមួយដែលមានឈ្មោះថា Noor Abu Dhabi ។
គម្រោងមួយនេះគឺជាគម្រោងដ៏ធំបំផុតនៅក្នុងពិភពលោក ដោយគម្រោង Noor Abu Dhabi ប្រើប្រាស់បន្ទះសូឡាចំនួន ៣.២លានផ្ទាំង ហើយវាមានសមត្ថភាពផ្តល់ថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋរហូតដល់ ៩០,០០០នាក់ឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឱ្យបាន ១ លានតោនផងដែរ។
នៅពេលដែលគម្រោងមួយនេះទទួលបានជោគជ័យគេរំពឹងថា អារ៉ាប់រួមអាចនឹងរកលុយបានយ៉ាងច្រើនទៀត បន្ថែមពីលើចំណូលលក់ប្រេងឆៅ៕

អត្ថបទ៖ ភក្តី


