ភ្នំពេញៈ រដ្ឋសភាបានអនុម័តយល់ព្រម អនុញ្ញាតឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា)ឯ.ក ធ្វើការវិនិយោគគម្រោងវារីអគ្គិសនី ពោធិ៍សាត់១ លើកម្លាំងទំហំ៨០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។ គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណជាង២៣០លានដុល្លារអាមេរិក។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រឱ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក បានត្រូវអង្គសភាអនុម័តកាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយសម្លេងគាំទ្រ១១២សម្លេង។
ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសាវនកម្មនៃររដ្ឋ សភាបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះធ្វើឡើង ស្របពេលដែលប្រទេសជាតិមានសុខ សន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានលើកកម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។
ឯកឧត្ដមបានបន្ដថា សេចក្តីព្រាងច្បាប់នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។ ឯកឧត្ដមបានបន្ថែមថា តាមរយៈច្បាប់នេះរាជរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើម KTC Cable Co.Ltd និងដៃគូធ្វើការសិក្សា និងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដោយកម្លាំងអនុភាព៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងសាស្ត្រ ឃុំ ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះដែរ សម្រាប់វិនិយោគទុនក្នុងការសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវចំណាយថវិកាសរុប២៣១,១០លានដុល្លារអាមេរិកក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ ដោយរយៈពេលសាងសង់៤ឆ្នាំ និង៣៥ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។ ទន្ទឹមនេះ ការវិនិយោគ រាជរដ្ឋាភិបាលបានលើកលែងពន្ធដល់ក្រុមហ៊ុនរយៈពេល៩ឆ្នាំ។ ចំពោះបរិមាណថាមពល អគ្គិសនីផលិតប្រចាំឆ្នាំជាមធ្យម មានចំនួន៣៦០លានគីឡូវ៉ាត់ម៉ោង និងតម្លៃដល់អគ្គិសនីឱ្យ អគ្គិសនីកម្ពុជាស្មើនឹង៧.៩សេនដុល្លារអាម៉េរិក ក្នុងគីឡូវ៉ាត់ម៉ោង។
ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះអគ្គិសនីដែលផលិតដោយក្រុមហ៊ុនខាងលើអគ្គិសនីកម្ពុជា នឹងទិញថាមពលអគ្គិសនីទាំងអស់នៅរដូវប្រាំង និងទិញ៣០ភាគរយនៅរដូវវស្សា។ករណីអគ្គិសនីកម្ពុជា ទិញអគ្គិសនីលើសពីបរិមាណមូលដ្ឋានក្នុងរដូវវស្សា ត្រូវលក់ឱ្យអគ្គិសនីកម្ពុ ជាក្នុងតម្លៃ៦៥ភាគរយ នៃអត្រាលក់ធម្មតា។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ពេលដំណើរអាជីវកម្មក្រុមហ៊ុនវិនិយោគបានយល់ព្រមឧត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិកក្នុង១ ឆ្នាំ សម្រាប់រយៈពេល៣៥ឆ្នាំ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស និងបង្កើន សមត្ថភាព ក្នុងវិស័យ ថាមពលផងដែរ។ ឯកឧត្ដមបានបន្ដថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ក៏រងផលប៉ះពាល់ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋ៣៤៧គ្រួសារ ប៉ះពាល់លំនៅឋានចំនួន៩២ខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ៧៨គ្រួសារ ស្ថិតនៅក្នុងតំបន់អាចទឹក ប៉ះពាល់ដីកសិកម្មរបស់ ប្រជាពលរដ្ឋចំនួន២៦៩គ្រួសារ ហើយប៉ះពាល់ផ្ទៃដីសរុបចំនួន៩.៣៥៥ហិកតា និងប៉ះពាល់ផ្ទៃ ដីព្រៃឈើសរុបចំនួន៦០០.៧២៤ហិកតា។

ក្រៅពីនេះ គម្រោងក៏បានប៉ះពាល់ដល់ថនិកសត្វ ៤៦ប្រភេទ ពពួកបក្សី១០១ ប្រភេទ ល្មូន និងមណ្ឌុកសត្វ៦៣ប្រភេទ និងត្រីទឹកសាប៧៨ប្រភេទ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងដែរថា សម្រាប់គម្រោងវារីអគ្គិសនីនេះដែរ ខាងក្រុមហ៊ុនគ្រោងចំណាយថវិកាសរុប១.៦៨៥.៩៨០ដុល្លាអាមេរិក ក្នុងការស្តារបរិស្ថាន។ លើសពីនេះ ក្រុមហ៊ុនគ្រោងចំណាយថវិកាសម្រាប់ដោះស្រាយគោលនយោបាយសំណងសរុបចំនួន៦.៨៣លានដុល្លារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់ផងដែរ។
ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់នេះ គឺជាប្រភពអគ្គិសនីមួយ ដែលចេញពីធនធានធម្មជាតិក្នុងស្រុក ក្នុងការចូលរួមកាត់ បន្ថយការប្រើប្រាស់ប្រេង និងមានថ្លៃលក់ថេរក្នុងរយៈពេល៣៥ឆ្នាំគឺ៧.៩សេនដុល្លារអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ដែលជួយធានានូវសន្តិសុខថាមពល ធ្វើឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានឆាប់រហ័សថែមទៀត៕
អត្ថបទ៖ សុផល





