ក្រុមហ៊ុនយក្ស Foxconn កំពុងគិតចង់ដាក់រោងចក្រផលិតអេក្រង់ទូរទស្សន៍ ដែលមានតម្លៃ ៤០លានដុល្លារ នៅវៀតណាម
សេដ្ឋកិច្ច June 24, 2019 Khmernote

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក គឺក្រុមហ៊ុន Foxconn កំពុងសិក្សាលើលទ្ធភាពបង្កើតរោងចក្រ (ផលិតកម្ម) ផលិតអេក្រង់ទូរទស្សន៍ ដែលមានតម្លៃ ៤០លានដុល្លារ នៅភាគខាងជើងនៃប្រទេសវៀតណាម។ លោក Harry Zhuo នាយកប្រតិបត្តិនៃក្រុមហ៊ុនតៃវ៉ាន់ Hon Hai Precision Industry Co បាននិយាយថា សំណើនេះគឺដើម្បីបង្កើតរោងចក្រនៅឧទ្យានឧស្សាហកម្ម Dong Mai នៅជិតទីក្រុង Ha Long របស់ខេត្ត Quang Ninh ។

លោកបានប្រាប់អាជ្ញាធរខេត្ត Quang Ninh កាលពីពេលថ្មីៗថា រោងចក្រនេះនឹងផ្តល់ការងារដល់កម្មករចំនួន ៣,០០០នាក់។ អនុប្រធានខេត្តលោក Nguyen Van Thang ក៏បានសន្យាថា នឹងជួយជ្រោមជ្រែងដល់ក្រុមហ៊ុន Foxconn ដើម្បីទទួលបានអាជ្ញាប័ណ្ណឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ក្នុងខែមករារោងចក្រ Foxconn បានចំណាយប្រាក់ចំនួន ១៦.៥ លានដុល្លារ សម្រាប់ដីទំហំ ២៥០,០០០ ម៉ែត្រការ៉េ នៅក្នុងឧទ្យានឧស្សាហកម្មមួយនៅភាគខាងជើងខេត្ត Bac Giang ។

កាលនោះក្រុមហ៊ុន Foxconn មិនបានបញ្ជាក់ថា វាជាផលិតកម្មដែលទាក់ទងនឹងក្រុមហ៊ុន Apple នោះទេ ហើយនៅក្នុងឯកសារដាច់ដោយឡែកពីគ្នាមួយទៀតបាននិយាយថា ខ្លួនកំពុងលក់ដីនេះទៅឱ្យក្រុមហ៊ុន FIT Hon Teng ដែលបានចុះបញ្ជីនៅហុងកុង ដែលជាអ្នកផ្គត់ផ្គង់ខ្សែទូរស័ព្ទ និងឧបករណ៍ភ្ជាប់ឱ្យ iPhone ។ ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចធំៗរបស់ក្រុមហ៊ុន Apple រួមទាំងទូរស័ព្ទ iPhone ផងនោះ បានមកកាន់ប្រទេសវៀតណាមជាលើកដំបូងនៅ ឆ្នាំ២០០៧ ។ រោងចក្រចំនួន ៣ របស់ Foxconn នៅក្នុងប្រទេសវៀតណាម ផលិត និងដំឡើងកុំព្យូទ័រ គ្រឿងបន្លាស់រថយន្ តនិងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត៕

អត្ថបទ៖ លីដា