ថៃរងឥទ្ធិពលពីជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ធ្វើឲ្យការនាំចេញធ្លាក់ចុះ
សេដ្ឋកិច្ច June 22, 2019 Khmernote

យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃបានឲ្យដឹងថា ការនាំចេញរបស់ខ្លួនបានធ្លាក់ចុះ ៥.៨% នៅខែឧសភា ឆ្នាំ ២០១៩នេះ ដែលតម្លៃនៃការនាំចេញមានត្រឹមតែ ៦៤៨ ពាន់លានបាត។ បន្ថែមពីនេះទៅទៀតគេក៏បានឲ្យដឹងផងដែរថា ការធ្លាក់ចុះនៃការនាំចេញនេះបណ្ដាលមកពីការកត្តាសកលលោក រួមទាំងភាពតានតឹងពាណិជ្ជកម្មដែលកំពុងតែបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ជាពិសេសលក្ខខណ្ឌហិរញ្ញវត្ថុសកលកាន់តែតឹងតែង កត្តាជាក់លាក់នៃប្រទេស និងតំបន់ ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងសហភាពអឺរ៉ុប និង Brexit នៅចក្រភពអង់គ្លេសដែលមិនអាចដោះស្រាយបាន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់លើការនាំចេញរបស់ថៃមានចំនួនតិចតួចជាងគេ បើប្រៀបធៀបនៅបណ្តាប្រទេសអាស៊ីផ្សេងទៀត ហើយការនាំចេញរបស់ថៃនៅតែមានដំណើរការយ៉ាងរឹងមាំនៅក្នុងទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌា ជាពិសេសបានពង្រីកនៅតាមទីផ្សារកំពុងកើនឡើងដូចជាប្រទេសកាណាដារុស្ស៊ី និង CIS ៕

អត្ថបទ៖ លីនី