សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឲ្យប្រទេសវៀតណាម និងកោះតៃវ៉ាន់ ជាអ្នកទទួលផលចំណេញធំជាងគេ ក្រៅពីនោះប្រទេសកម្ពុជាយើងក៏កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមហ៊ុនចិន ដែលកំពុងព្យាយាមផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ដើម្បីទទួលបានយោគយល់ពន្ធគយលើទំនិញអាមេរិក។ ជាមួយគ្នានេះដែររោងចក្រថ្មីមួយកំពុងលេចឡើងនៅលើផ្ទៃដីទំហំ ៥០ ហិកតានៅក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូរការផលិតកង់រាប់លានគ្រឿងរបស់ក្រុមហ៊ុន Shanghai General Sports ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដោយសារតែការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហភាពអុឺរ៉ុបមិនត្រូវបានគិតពន្ធ។
យោងទៅតាមការត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានរកឃើញថា យ៉ាងហោចណាស់ក្រុមហ៊ុនផលិតកង់ចំនួនពីរកន្លែង ដែលគ្រប់គ្រងដោយចិនបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយកាលពីឆ្នាំមុនរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាបានផលិតកង់ចំនួន ១.៤ លានគ្រឿង ដែលមានតម្លៃ ២៨៧ លានដុល្លារដោយការនាំចេញកង់ ៦៤% សម្រាប់សហភាពអឺរ៉ុប និង ៧.៣% នៃការនាំចេញកង់របស់កាណាដាត្រូវបានកំណត់សម្រាប់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា កង់ភាគច្រើនដែលផលិតដោយក្រុមហ៊ុន Shanghai General Sports ត្រូវបានផ្គត់ផ្គង់ឱ្យអ្នកលក់រាយដូចជាក្រុមហ៊ុន Walmart និង Target ជារៀងរាល់ឆ្នាំ ដូច្នេះហើយទើបគេរំពឹងថា ប្រសិនបើការសាងសង់រោងចក្រនៅកម្ពុជាកំពុងដំណើរការបានយ៉ាងលឿន និងដោយរលូន ក្រុមហ៊ុនចិនអាចនឹងផលិតកង់ចំនួន ៥០,០០០ គ្រឿង ក្នុងមួយខែនៅពាក់កណ្តាលឆ្នាំក្រោយនេះ៕
អត្ថបទ៖លីនី


