យោងតាម Euromonitor International ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោកបានឱ្យដឹងថា ដោយសារសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន និងមានកំណើនខ្លាំងក្លា វៀតណាមនឹងក្លាយជាប្រទេសមួយ ដែលមានសន្ទុះខ្លាំងបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ។ អ្នកស្រី An Hodgson អ្នកគ្រប់គ្រងការស្រាវជ្រាវ និងរកប្រាក់ចំណូលរបស់ Euromonitor International បាននិយាយថា មូលដ្ឋានទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុនបានបង្ហាញថា ការធ្វើនគរូបនីយកម្មជាមួយការប្រមូលផ្តុំប្រាក់ចំណូល ទ្រព្យសម្បត្តិ និងប្រជាជន នឹងជំរុញដល់ជោគជ័យពាណិជ្ជកម្មរបស់វៀតណាមនៅត្រឹមឆ្នាំ ២០៣០។
អ្នកស្រីក៏បានបន្ថែមទៀតថា កាលពីខែមុនមូលដ្ឋានទិន្នន័យស្រាវជ្រាវបានរកឃើញថា វៀតណាមនឹងក្លាយជាទីក្រុងទី ៣ ធំជាងគេ ដែលមានចំនួនអ្នកប្រើប្រាស់ច្រើន និងធំជាងគេទី ៥ លើការចំណាយសរុបនៅអាស៊ីអាគ្នេយ៍។ ហើយនៅឆ្នាំ ២០៣០ ទីផ្សារអ្នកប្រើប្រាស់នៅទីប្រជុំជនរបស់ប្រទេសនេះនឹងពង្រីករហូតដល់ ៤៦ លាននាក់ ឬស្មើនឹងការចំំណាយ ១៦៩ ពាន់លានដុល្លារ។ លើសពីនេះកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថា នឹងឈានដល់ ៩១.៤% ពីឆ្នាំ ២០១៩ ទៅ ២០៣០ និងអាចទទួលបានប្រាក់ចំណូលរហូតដល់ ៩,៧៤០ ដុល្លារក្នុងមួយគ្រួសារ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។
ជាមួយគ្នានេះដែរនៅឆ្នាំ ២០៣០ នឹងមានអ្នកមានជីវភាពមធ្យមចំនួន ១៧លានគ្រួសារ ស្របពេលអ្នកមានជីវភាពមធ្យមកំពុងមានការកើនឡើងនៅក្នុងប្រទេសវៀតណាម ហេតុផលនេះនឹងជំរុញឱ្យមានកំណើនចំណាយរបស់អ្នកប្រើប្រាស់ ព្រមទាំងបង្កើននិន្នាការអ្នកប្រើប្រាស់ថ្មីៗ។ អ្នកស្រី An Hodgson បន្តថា៖ «មួយនៅក្នុងចំណោមពីរគ្រួសារ នឹងមានជីវភាពមធ្យមនៅត្រឹមឆ្នាំ ២០៣០ ដោយពួកគេអាចមានសមត្ថភាពក្នុងការចំណាយលើវត្ថុ ដែលពួកគេចង់បាន»។ តំណាងឱ្យការកើនឡើង ៣៤% ភាគរយចាប់ពីឆ្នាំ ២០១៨ កន្លងមក អ្នកប្រើប្រាស់ដែលស្ថិតក្នុងកម្រិតជីវភាពមធ្យម គឺផ្ដោតទៅលើ «ការប៉ងប្រាថ្នា យល់ដឹងពីម៉ាក និងតម្លៃ»។
ចំនែកឯអ្នកប្រើប្រាស់តាមជនបទក៏នៅតែមានសារៈសំខាន់ផងដែរ ដោយនៅឆ្នាំ ២០៣០ ប្រជាជននៅជនបទចំនួន ៦១ លាននាក់ត្រូវបានគេរំពឹងថា នឹងមានការចំណាយប្រាក់សរុបចំនួន ១៧៣ ពាន់លានដុល្លារ។ ឆ្នាំ ២០៣០ ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតទី ៥ នៅអាស៊ីអាគ្នេយ៍ ដែល ៥០% នៃគ្រួសារនឹងទទួលបានប្រាក់ចំណូល (បន្ទាប់ពីការកាត់ពន្ធរួច) ពី ៥០០០ ដុល្លារ ទៅ ១៥០០០ ដុល្លារ ក្នុងមួយឆ្នាំ បើទោះបីជាការចំណាយរបស់ប្រជាពលរដ្ឋនៅមានកម្រិត ក៏អ្នកប្រើប្រាស់មានឆន្ទៈក្នុងការបង់ថ្លៃខ្ពស់ សម្រាប់ផលិតផលម៉ាក ដែលផ្ដោតទៅលើគុណភាព ឬសុខភាព ច្រើនជាងតម្លៃ៕

អត្ថបទ៖ លីនី


