យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម Steven Pang Chee Wee, ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្តីពីការពិនិត្យលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា (Agro-Processing Industry) និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសិង្ហបុរី

ជំនួបនេះ បានធ្វើឡើងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវបច្ចុប្បន្នភាពអំពីវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើកសិផលយុទ្ធសាស្រ្តចំនួន ៥ រួមមាន៖ ដំណាំស្រូវ, ដំណាំស្វាយចន្ទី, ដំណាំដំឡូងមី, ដំណាំពោតក្រហម, និងដំណាំស្វាយ។
ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផល ពោលគឺកម្ពុជាបច្ចុប្បន្ននេះ អាចមានសមត្ថភាពផលិតនូវកសិផលយុទ្ធសាស្រ្តទាំង ៥ នេះ ក្នុងបរិមាណសមស្របនិងគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ដល់សហគ្រាសកែច្នៃក្នុងការនាំចេញ។
បន្ថែមពីការធ្វើបច្ចុប្បន្នភាពដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា, ឯកឧត្តមបណ្ឌិត ក៏ចែករំលែកនូវព័ត៌មានអំពីខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៃកសិផលយុទ្ធសាស្រ្តទាំង ៥ នេះ ព្រមទាំងខ្សែច្រវាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាព (Safe Vegetables) ដែលដាំក្នុងផ្ទះសំណាញ់និងផ្លែឈើ និងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការគាំទ្រពីដើមខ្សែផលិតកម្ម (Upstream) រហូតដល់ចុងខ្សែផលិតកម្ម (Downstream) កសិកម្ម។
ប្រភបព័ត៌មានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ឯកឧត្តម Steven Pang Chee Wee បានបង្ហាញពីគំនិតវិជ្ជមានក្នុងការពិនិត្យលទ្ធភាពជំរុញវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសង្ហបុរី និងបន្តចែករំលែកព័ត៌មានអំពីសក្តានុពលនៃកសិផលកម្ពុជាជូនវិនិយោគិនសិង្ហបុរី ក៏ដូចជាប្រជាជនសិង្ហបុរី។ ជាការគិតគូរជំហ៊ានដំបូង, វិស័យបន្លែសុវត្ថិភាព និងផ្លែឈើ នឹងត្រូវបានផ្តល់អាទិភាពមុន ដែលមានការត្រួតពិនិត្យកម្រិតស្តង់ដារមិនមានភាពស្មុគស្មាញច្រើន ដូចជាផលិតផលសាច់ និងវារីវប្បកម្ម។ ប្រភព៖ ក្រសួងព័ត៌មាន






