យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងដៃគូជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញការនាំផលិតផលកម្ពុជាចូលទីផ្សារជប៉ុន តាមរយៈថ្នាលពាណិជ្ជកម្មជាតិ CambodiaTrade.com។

យោងតាមប្រភពក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ទីក្រុងតូក្យូ កាលពីចុងសប្តាហ៍កន្លងទៅ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសក្តានុពលរបស់ CambodiaTrade.com ដែលជាថ្នាលជួយផ្សព្វផ្សាយ និងលក់ផលិតផល Made in Cambodia និង Made by Her ទៅកាន់ទីផ្សារអន្តរជាតិ។
កម្មវិធីនេះក៏បានផ្តល់ឱកាសឱ្យសហគ្រាសកម្ពុជា និងអ្នកទិញជប៉ុនជួបពិភាក្សាដោយផ្ទាល់ ដើម្បីស្វែងរកដៃគូអាជីវកម្ម ពង្រីកបណ្តាញពាណិជ្ជកម្មនិងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារជប៉ុន។
លោកជំទាវ ជា រដ្ឋា បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់កម្មវិធី សហគ្រាសកម្ពុជាមួយចំនួនបានទទួលការទំនាក់ទំនងបន្តពីអ្នកទិញជប៉ុន។ ក្នុងនោះ ក្រុមហ៊ុន ANON Cambodia បានចាប់ផ្តើមពិភាក្សាកិច្ចសហប្រតិបត្តិការលើផលិតផលប្រេងក្រអូប ខណៈអ្នកទិញជប៉ុនក៏បានបង្ហាញចំណាប់អារម្មណ៍លើកាហ្វេមណ្ឌលគិរី ទឹកឃ្មុំព្រៃមណ្ឌលគិរី និងសូត្រខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់ផលិតផលកម្ពុជាក្នុងទីផ្សារជប៉ុន។
ក្នុងឱកាសនោះដែរ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា បានទស្សនកិច្ចសិក្សានៅផ្សារទំនើប និងបណ្តាញចែកចាយផលិតផលនៅជប៉ុន ដើម្បីសិក្សាពីការរៀបចំតាំងបង្ហាញផលិតផល ការវេចខ្ចប់ យុទ្ធសាស្ត្រទីផ្សារ និងនិន្នាការអ្នកប្រើប្រាស់ សម្រាប់លើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បេសកកម្មនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងថ្នាល CambodiaTrade.com ដើម្បីពង្រីកទីផ្សារនាំចេញ និងភ្ជាប់សហគ្រាសកម្ពុជាជាមួយអ្នកទិញអន្តរជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជាង ១,២ពាន់លានដុល្លារ កើនឡើង ១៧,២ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅជប៉ុនមានតម្លៃ ៧៦៦លានដុល្លារ កើនឡើង ២០,៦ភាគរយ ខណៈការនាំចូលពីជប៉ុនមានតម្លៃ ៤៣៤លានដុល្លារ កើនឡើង ១១,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ ដោយ៖ក្រុមការងារMoINFO APP រូបថត៖ក្រសួងពាណិជ្ជកម្ម
.j.jpg)
.j.jpg)
.j.jpg)


