ក្រសួងពាណិជ្ជកម្ម បង្កើតកម្មវិធីផ្គូផ្គងធុរកិច្ចជំរុញពាណិជ្ជកម្មឌីជីថល រវាងកម្ពុជា-ជប៉ុន
សេដ្ឋកិច្ច June 29, 2026 Khmernote

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីផ្គូផ្គងធុរកិច្ចជំរុញពាណិជ្ជកម្មឌីជីថល កម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគាំទ្រពី ឯកឧត្តម KUNIHIKO Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌល AJC និងឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរឹងមាំ។

កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ នៃគម្រោង «ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com» ក្រោមការគាំទ្រពីមូលនិធិ CBRD Fund និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងសមាគមជប៉ុន-កម្ពុជា (JCA)។

កម្មវិធី ដែលបានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន បានផ្តោតលើការពង្រឹងបណ្តាញធុរកិច្ចរវាងអ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញជប៉ុន ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ផលិតផល #MadeInCambodia និង #MadeByHer។

ប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកម្មវិធីនេះ អ្នកបញ្ជាទិញជប៉ុនក៏បានទទួលការណែនាំអំពីការប្រើប្រាស់ថ្នាល CambodiaTrade.com ចុះឈ្មោះបង្កើតគណនី និងធ្វើការបញ្ជាទិញផលិតផលដោយផ្ទាល់តាមថ្នាលឌីជីថលនេះដោយជោគជ័យ។

ជាមួយគ្នានេះ កម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) បានបង្កើតឱកាសឱ្យសហគ្រាស និងពាណិជ្ជករកម្ពុជា ជួបពិភាក្សាផ្ទាល់ជាមួយដៃគូធុរកិច្ចជប៉ុន ដើម្បីស្វែងរកភាពជាដៃគូថ្មី ពង្រីកបណ្តាញអាជីវកម្ម និងបង្កើនវត្តមានផលិតផលកម្ពុជានៅលើទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។

ក្នុងអំឡុងបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សានៅតាមហាងលក់រាយ និងបណ្តាញចែកចាយផលិតផលសំខាន់ៗនៅប្រទេសជប៉ុន ដើម្បីសិក្សាអំពីការរៀបចំតាំងបង្ហាញផលិតផល យុទ្ធសាស្ត្រទីផ្សារ និងនិន្នាការតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងផ្លាស់ប្តូរទស្សនៈជាមួយដៃគូវិស័យឯកជនជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕