ក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការនៅកូរ៉េ ចង់ពង្រីកការវិនិយោគ ដោយស្វែងរកក្រុមហ៊ុនដៃគូ រឺរោងចក្រផលិតគ្រឿងអលង្ការនៅកម្ពុជា
សេដ្ឋកិច្ច June 10, 2026 Khmernote

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Seo Ae Jin ជាប្រធានក្រុមហ៊ុន និងជាអ្នកច្នៃម៉ូតគ្រឿងអលង្ការរបស់ក្រុមហ៊ុន SUKARF កូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្រុមហ៊ុន SUKARF ជាក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការមាស ប្រាក់ និងត្បូងមានតម្លៃរបស់កូរ៉េ ដែលគ្រឿងអលង្ការរបស់ក្រុមហ៊ុនលោកស្រីត្រូវបានជ្រើសរើសធ្វើជាកាដូថ្នាក់ជាតិសម្រាប់ជូនភ្ញៀវកិត្តិយសបរទេសក្នុងព្រឹត្តិការណ៍​ និងកម្មវិធីផ្លូវការនានានៅសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួប លោកស្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលោកស្រីក្នុងប្រទេសកម្ពុជា ដោយស្វែងរកក្រុមហ៊ុនដៃគូ រឺរោងចក្រផលិតគ្រឿងអលង្ការនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលបច្ចេកទេសផលិត និងច្នៃម៉ូដត្បូងមានតម្លៃរបស់ប្រទេសកម្ពុជា រួចធ្វើការនាំចេញទៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានអញ្ជើញស្ថានទូតចូលរួមកម្មវិធីតាំងពិព័រណ៌គ្រឿងអលង្ការអន្តរជាតិក្នុងទីក្រុងសេអ៊ូលនៅខែសីហាខាងមុខនេះផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងចំណាប់អារម្មណ៍ចំពោះកម្មវិធីពិព័រណ៌គ្រឿងអលង្ការ និងជម្រាបជូនលោកស្រីវិញថា ប្រទេសកម្ពុជាមានគ្រឿងអលង្ការមាស ពេជ្រ និងត្បូងមានតម្លៃជាច្រើនប្រភេទ ព្រមទាំងអញ្ជើញលោកស្រីទៅប្រទេសកម្ពុជាដើម្បីជួបពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនច្នៃម៉ូដគ្រឿងអលង្ការទាំងនោះ ហើយស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលជំនួបរវាងក្រុមហ៊ុនលោកស្រី និងក្រុមហ៊ុនគ្រឿងអលង្ការនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន