សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជិតបញ្ចប់អាណត្តិ ថទោះបីជាលោកជំទាវបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយ ជំនួបសម្ដែងការគួរ និងជម្រាបលា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះថា សម្ដេចតេជោ សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។ សម្ដេចក៏សរសើរតាមរយៈដែលលោកជំទាវបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម វប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក របស់កម្ពុជានៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។
សម្ដេចតេជោក៏ឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលលោកជំទាវបានជ្រាបផងដែរជាពិសេសគឺជំហររបស់កម្ពុជាក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយទាក់ទងទៅនឹងមិត្តភាពរវាងកម្ពុជា និងតួកគីដែលក្នុងនោះសម្ដេចតេជោបានរំលឹកដល់នូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវថាលោកជំទាវនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ៕ដោយ៖ កន ចំណាន






