រាជរដ្ឋាភិបាល ដាក់ចេញផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច April 7, 2026 Khmernote

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០  នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានបញ្ជាក់អំពីសារៈសំខាន់របស់ប្រព័ន្ធភស្តុភារកម្ម (ឡូជីស្ទីក) ​ក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

មន្ត្រីជាន់ខ្ពស់ខាងលើ បានរំលេចថា ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងសរុបចំនួន ១៧៤ ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក សំដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវការអនុសាសន៍ណែនាំបន្ថែមមួយចំនួនលើការរៀបចំ ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) សំដៅធានាឱ្យបានថាប្រព័ន្ធនេះមានសូចនាករ (Key Indicators) សំខាន់ៗដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូឯកជនអាចទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើអាទិភាវូបនីយកម្មគម្រោង សម្រាប់ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់អំពីសារៈសំខាន់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលជាប្រតិបត្តិករចូលរួមផ្តល់ធាតុចូលឱ្យបានផុសផុល សំដៅធានាបាននូវការរៀបចំច្បាប់មួយប្រកបដោយបរិយាបន្ន៕

ប្រភព៖ ក្រសួងព័ត៌មាន