មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រគម្រោងពង្រីកវិនិយោគបន្ថែមរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI ដែលនាំឱកាសការងារដល់ពលរដ្ឋក្នុងខេត្តកោះកុង
សេដ្ឋកិច្ច March 31, 2026 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. ដែលដឹកនាំដោយលោក YOSHIMOTO ITO នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation. ក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាពអភិវឌ្ឍរបស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្មនៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមបានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងគម្រោងពង្រីកវិនិយោគបន្ថែមរបស់ក្រុមហ៊ុនដែលនឹងអាចបង្តើតការងារជូនបងប្អូនយើងប្រមាណ១០០០នាក់ បន្ថែមការងារដែលមានស្រាប់នៅខេត្តកោះកុងប្រមាណ២០០០នាក់ ដែលនេះបានសបញ្ជាក់អំពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានានៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។

ជាការឆ្លើយតប លោក YOSHIMOTO ITO បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះឯកឧត្តមអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀត នាពេលនេះ៕