យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដ្ឋាន រោងចក្រកែច្នៃប្លាស្ទិក PET របស់ក្រុមហ៊ុនហុងកុង A1 ត្រូវបានដាក់សម្ពោធបើកការសាងសង់ហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទុនគ្រោង ២៩ លានដុល្លារ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងខិតខំទ្វេដងក្នុងការបង្កើតការងារបៃតងជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងពង្រីកមូលដ្ឋានចំណូលរបស់ជាតិ។
ឯកឧត្តមមានប្រសាសន៍ថា កំណើននៃការអនុម័តគម្រោងវិនិយោគ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ព្រមទាំងការកែទម្រង់វិនិយោគមួយចំនួន។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោងកើន ៥២% ក្នុងទំហំទឹកប្រាក់ ១០ ប៊ីលានដុល្លារ កើន ៤៥% និងអាចបង្កើតការងារបាន ៤៣៨ ពាន់កន្លែងនៅក្នុងឆ្នាំ ២០២៥៕ ផ្សាយ៖ កន ចំណាន, ប្រភព៖ ទទក





