អបអរសារទរ​! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ចំនួន​ ១៤តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង
សេដ្ឋកិច្ច September 5, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៥​ នេះ​ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។

ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញកាន់តែច្រើននិងទូលំទូលាយបន្ថែមទៀតនាពេលអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន