ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។
កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្ដាញទីផ្សារនានា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា។
ក្នុងពិធីអបអរសាទរការនាំចេញផលិតផលខ្មែរលើកទី១ ទៅកាន់ប្រទេសអូស្រ្ដាលី របស់ក្រុមហ៊ុន រ៉ូយ៉ាល់ត្រាស់ត្រេឌីង ខូ អិលធីឌី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួម មកពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន RTT និងសហគ្រិនខ្មែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងបានគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។
ក្រុមហ៊ុន RTT កំពុងនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង ១២ តោនទៅកាន់ប្រទេសអូស្ត្រាលី ហើយ ការនាំចេញនេះ រួមមានគ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំនិតក្រៀម។ ការនាំចេញលើកទីពីរ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែមទៀត និងមានបរិមាណច្រើនជាងមុន។
ក្នុងឱកាសនោះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ កម្ពុជា និងអាជីវកម្មរបស់កម្ពុជាដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈានទៅកាន់ការទទួលបាននូវទីផ្សារថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រទៅដល់គោលដៅរបស់ប្រទេសកម្ពុជានូវការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើននូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ យើងប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងគាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងលើសកលលោក»។
ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីជំរុញការនាំចេញផលិតផលផលិតកម្ពុជា គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញវិស័យកែច្នៃកសិផលរបស់យើង ជាពិសេសនៅក្នុងបរិយាកាសពាណិជ្ជកម្មសកលដែលមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន។ សូមអគុណដល់ ការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលអូស្ត្រាលី ដែលជួយឱ្យយើងអាចសម្រេចបាននូវការនាំចេញផ្លែឈើក្រៀមរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។ តាមរយៈការប្តេជ្ញាចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតរបស់យើង ខ្ញុំជឿជាក់ថា ភាពធន់នៃសេដ្ឋកិច្ចរបស់យើង នឹងបន្តទៅមុខយូរអង្វែង និងកាន់តែរឹងមាំ »។
លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RTT បានឱ្យដឹងដែរថា ការនាំចេញនេះ បង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។ លោកបានបន្ថែមថា៖ «ពួកយើងសូមថ្លែងអំណរគុណទៅដល់ អូស្ត្រាលី និងក្រសួងពាណិជ្ជកម្មលើការគាំទ្រកន្លងមក ដែលជួយឱ្យអាជីវកម្មរបស់ខ្ញុំអាចសម្រេចបាននូវសមិទ្ធផល ពួកយើងជឿថា ការនាំចេញនាពេលនេះគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលី និងប្រទេសដទៃទៀតនៅពេលខាងមុខ»។
គូសបញ្ចាក់ផងដែរថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ឈានទៅដល់ ទំហំទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះ ជាង ៧០ ភាគរយ នៃទឹកប្រាក់ពាណិជ្ជកម្មសរុប គឺជាការនាំចេញរបស់កម្ពុជា ទៅកាន់អូស្ត្រាលី៕




