រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញកែច្នៃ និងនាំចេញស្វាយចន្ទី ក្រោយជំនួបជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា
សេដ្ឋកិច្ច July 1, 2025 Khmernote

ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងពាណិជ្ជកម្មនាព្រឹកមិញនេះ។

ជំនួបនេះមានគោលបំណងសំខាន់ ដើម្បីឲ្យសហព័ន្ធស្វាយចន្ទីកម្ពុជារាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលខ្លួនសម្រេចបាន ក៏ដូចជាទិសដៅការងារបន្ទាប់ និងស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមពីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធកន្លងមក។ ការគាំទ្រទាំងនោះរួមមានការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជាការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើប ម៉ាត និងសមាគមសណ្ឋាគារ-ចុងភៅជាដើម។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាទាំងមូល។ លោកជំទាវបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាព និងទំហំនៃការកែច្នៃផលិតផលស្វាយចន្ទី ដើម្បីជំរុញការនាំចេញ រក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីៗ។ លោកជំទាវបានបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មនឹងបន្តគាំទ្រសហព័ន្ធ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជាឲ្យកាន់តែរីកចម្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន