ក្នុងខែឧសភា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេដ្ឋកិច្ច June 10, 2025 Khmernote

ក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះបើយោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។

ជាមួយគ្នានេះដែរ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

សួមជម្រាបផងដែរថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគ មានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា