លោកជំទាវ ចម និម្មល លើកទឹកចិត្តដល់សហគ្រិនទាំងអស់ ពិសេសសហគ្រិនស្ត្រី ដែលត្រូវការជំនួយគាំទ្រពីក្រសួងពាណិជ្ជកម្ម អាចទំនាក់ទំនងមកក្រុមការងារ ឬតាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងដោយផ្ទាល់
សេដ្ឋកិច្ច June 3, 2025 Khmernote

នារសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅ Factory Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រីភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub ចំពោះការយកចិត្តទុកដាក់ និងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យនេះឱ្យលេចចេញជារូបរាង។

លោកជំទាវរដ្ឋមន្ត្រី បន្តថា “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយ ដែលបញ្ជាក់ឱ្យឃើញពីការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រីឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានចូលរួមក្នុងកម្មពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី (AWE) នេះកាលពីខែកញ្ញា កន្លងទៅ ហើយនៅពេលនេះ លោកជំទាវ បានចូលរួមជាថ្មីដើម្បីជាសក្ខីនៃសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល ៩ខែ របស់បេក្ខជនទាំង ៣០រូប ជាពិសេស ការប្រកាសសមាសភាពជ័យលាភីនៃ Pitch Competition ចំនួន ៣រូប នាពេលនេះ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីមជ្ឈមណ្ឌលសេវានាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដោយបានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ ពិសេសសហគ្រិនស្ត្រី ដែលត្រូវការជំនួយគាំទ្រពីក្រសួងពាណិជ្ជកម្ម អាចទំនាក់ទំនងមកក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងពាណិជ្ជដោយផ្ទាល់ ផងដែរ។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្ដីរំពឹងថាបេក្ខជនទាំងអស់ដែលទទួលបានជោគជ័យក្នុងវគ្គបណ្តាលបណ្តាលនាពេលនេះ នឹងបន្តជំរុញសក្តានុពលរបស់ខ្លួន តាមរយៈការពង្រីកអាជីវកម្ម និងជម្រុញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ នាពេលខាងមុខ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការបិទបញ្ចប់ដោយជោគជ័យនៃ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” នេះ និងបានសាទរចំពោះជ័យលាភីទាំងបីរូប ដែលដណ្ដើមបានជ័យជំនះក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ព្រមទាំងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថានឹងមានវគ្គបណ្តាលបណ្តាលជំនាន់ទី២ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕