យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីពេលថ្មីៗបានជូនដំណឹងផង និងអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង។ស្របគ្នានេះដែប្រធានសមាគមត្រចៀកកាំខ្មែរ (KSA) បានបង្ហាញនូវក្តីរំពឹងខ្ពស់ចំពោះទីផ្សារសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងសេចក្តីជូនដំណឹង ក្រសួងកសិកម្មបានបញ្ជាក់ថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ក្រសួងកសិកម្មបានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង ។
ក្រសួងបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។
គប្បីជម្រាបជូនថា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានឯកសារចំនួន៣៧ ត្រូវបានចុះហត្ថលេខាក្នុងនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើពិធីសារចំនួនបី ដែលផ្តោតលើការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្នុងនេះនាំចេញសំបុកត្រចៀកកាំ ទុរេន និងក្រពើទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ(KSA)បានប្រាប់បណ្ដាញសារព័ត៌មានកាលពីពេលថ្មីៗដែរថាការចុះហត្ថលេខាលើពិធីសារសម្រាប់ការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនថាជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាកត្តាជំរុញលើកទឹកចិត្តអ្នកវិនិយោគបន្ថែមទៀតឱ្យចូលរួមក្នុងសកម្មភាពកែច្នៃ និងនាំចេញ។លោកក៏បានជំរុញឱ្យអ្នកចិញ្ចឹមសត្វត្រចៀកកាំចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវផ្ទះត្រចៀកកាំឱ្យស្របតាមស្តង់ដារដែលតម្រូវឱ្យពួកគេអាចចុះឈ្មោះសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។
លោកប្រធានសមាគមត្រចៀកកាំខ្មែរ រំពឹងថា សំបុកត្រចៀកកាំខ្មែរនឹងមានទីផ្សារ និងតម្លៃកាន់តែល្អប្រសើរ ក្រោយគយចិនបានអនុញ្ញាតឱ្យកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន។ប៉ុន្តែលោកបានរំលឹកថា ដើម្បីអាចនាំចេញទៅកាន់ទីផ្សារចិនបានទាមទារឱ្យអ្នកចិញ្ចឹម និងក្រុមហ៊ុនកែច្នៃ វេចខ្ចប់ចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ ដែលតម្រូវដោយគយចិន។
ប្រធានសមាគមរូបនេះបានបង្ហើបពីការសិក្សាមួយបង្ហាញថា សំបុកត្រចៀកកាំរបស់កម្ពុជា មានគុណភាពល្អជាងបណ្ដាប្រទេសដទៃ ដោយសារកម្ពុជា ពុំទាន់មានការបំពុលបរិយាកាសធ្ងន់ធ្ងរ។ សូមជម្រាបថា តាមតួលេខមិនផ្លូវការបច្ចុប្បន្នកម្ពុជាមានផ្ទះត្រចៀកកាំជាង ៥ ០០០ ខ្នង ជាមួយនឹងការប្រមូលផលប្រចាំឆ្នាំប្រហែល ១០០តោន៕
ប្រភព៖ ក្រសួងព័ត៌មាន