ត្រីមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលបានជាង ១ ២០០លានដុល្លារ
សេដ្ឋកិច្ច May 9, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះពន្ធដារបានប្រមូលពន្ធអាករគ្រប់ប្រភេទ​ចូលក្នុងកញ្ចប់ថវិកាជាតិបានចំនួន ៥ ០២៨,០១​ប៊ីលានរៀល (ប្រមាណ ១ ២៥៣,៨៧លានដុល្លារអាមេរិក)។ ចំណូលនេះស្មើនឹង ៣០,៨៨ភាគរយ នៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ២០២៥។

ព្រឹត្តិបត្រពន្ធដារ ត្រីមាសទី១ ដែលអគ្គនាយកដ្ឋានពន្ធដារទើប​ចេញផ្សាយនៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងចំណោមចំណូល​ដែលប្រមូល​បាន ១ ២៥៣,៨៧លានដុល្លារ គឺមាន ៤ ០៩២,៤១ពាន់លានរៀល ស្មើនឹង​ ៨១,៣៩ ភាពរយ បានពីការប្រមូលពន្ធអាករអ្នកជាប់ពន្ធធំ។

ប្រភពដដែលបន្តថា សម្រាប់ចំណូលពីអ្នកជាប់ពន្ធមធ្យមវិញនោះ គឺពន្ធដារ​ប្រមូល​បាន ៧៣៧,៩១ ពាន់លានរៀល ស្មើ​នឹង ១៤,​៦៨ ភាគរយ ចំណែក​ចំណូល​ពន្ធអាករពីអ្នកជាប់ពន្ធតូច ប្រមូលបាន ៣៣,៤៧ ពាន់លានរៀល ស្មើនឹង ០,៦៧​ភាគរយ។​

ក្នុងរយៈពេលនេះ ចំណូលអាករពីប្រភេទពន្ធផ្សេងៗ (ពន្ធលើថ្លៃឈ្នួលអចលន​ទ្រព្យ ពន្ធលើអចល​នទ្រព្យ និងពន្ធផ្សេងៗ) អគ្គនាយកដ្ឋានប្រមូលបាន​ ១៦៤,​២០ពាន់លានរៀល ស្មើនឹង ៣,២៧ភាគរយ នៃចំណូលអាករសរុប នៅក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥។​

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសរំលេចថា ចំពោះប្រភេទចំណូលពន្ធសំខាន់ៗ ដែល​ពន្ធដារប្រមូលបានសម្រាប់ទ្រទ្រង់​ការចំណាយរបស់រដ្ឋាភិបាល​នោះ មានពន្ធលើប្រាក់ចំណូលចំនួន ២ ៣៣២,៧០​ពាន់​លានរៀល អាករលើតម្លៃបន្ថែមចំនួន ៩០២,៤០ពាន់លានរៀល អាករ​ពិសេស​ចំនួន ២០៤ពាន់លានរៀល ពន្ធប្រថាប់​ត្រាសរុប (ផ្ទេរកម្មសិទ្ធិកាន់កាប់​អចលនទ្រព្យ) ចំនួន១៤៤,២៥ពាន់លានរៀល។ ពន្ធកាត់ទុកទូទៅចំនួន ៨៥៤,៩៥ពាន់​លានរៀល និងចំណូលពន្ធផ្សេងៗមានចំនួន ១៨៣,៣៦ពាន់​លានរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន