ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨២ ៣១៣ តោនគិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះផ្សាយនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ។

សហពព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញអង្ករក្នុងរយៈពេលខាងលើនេះ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ប្រទេស បានបរិមាណចំនួន ៤០ ២៩១តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកឯប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩%។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៣១ ៤៣១ តោនដែលស្រូវសើមផងដែរ ដោយទទួលបានទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា