យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងបានរួមចំណែកគាំទ្រការស្តារឡើងវិញនៃសកម្មភាព សេដ្ឋកិច្ច នៅដើមឆ្នាំ២០២៥ នេះ។

បញ្ជាក់កាលពីចុងសប្ដាហ៍កន្លងទៅនេះ ខណៈអញ្ជើញចូលរួមសម្ពោធដាក់ដំណើរការជាផ្លូវការទីស្នាក់ការកណ្ដាល ធនាគារ ហត្ថា ម.ក ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៤,៦ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៧,៧%) ប្រាក់បញ្ញើអតិថិជន មានចំនួន៥៨,៦ ប៊ីលានដុល្លារអាមេរិក (កើនឡើង ១៦,២%) និងឥណទានអតិថិជនទៅកាន់វិស័យចម្បងៗ មាន ចំនួន ៦០,៣ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៣,០%)។
ឯកឧត្តមបានបន្តថា ជាមួយគ្នានេះ ស្ថានភាពដើមទុននិង សន្ទនីយភាពរក្សាបានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងដោយកម្រិតខ្ពស់នៃអនុបាតសាធនភាព (២២,៣% សម្រាប់គ្រឹះស្ថានធនាគារ និង ២៥,៨% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) និងកម្រិតខ្ពស់នៃអនុបាត ក្របខ័ណ្ឌសន្ទនីយភាព (១៩៤,៨% សម្រាប់ធនាគារពាណិជ្ជ និង ១៨៨,៧% សម្រាប់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ។ទោះបីជាអនុបាតឥណទានមិនដំណើរការមានការកើនឡើងបន្តិច (៧,៥% សម្រាប់ធនាគារពាណិជ្ជ និង ៦,៧% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ដោយសារ សមតុល្យឥណទានដក់សល់ពីការរៀបចំឥណទានឡើងវិញអំឡុងពេលកូវីដ១៩ ការធ្វើចំណាត់ថ្នាក់ ឥណទានតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាបន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះ និង ការថមថយកំណើនឥណទាន។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានគូសរំលេចថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តចូលរួមលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ២៧,២ លាន គណនី និងគណនីឥណទានអតិថិជនកើនដល់ ៤,៣ លានគណនី។
ធនាគារជាតិនៃកម្ពុជាបានពង្រឹង ការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រចាំ តាមវិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យនិងទស្សនៈអនាគត ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រចាកចេញពីវិបត្តិជាជំហានៗ ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន