ក្រុមហ៊ុនបរទេសមួយ ស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តថាមពលថ្មី និងកសិ-ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា
សេដ្ឋកិច្ច April 29, 2025 Khmernote

ភ្នំពេញ, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ – ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើជំនួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) កាលពីរសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ក្រុមហ៊ុន ICAP ដែលមានមូលដ្ឋាននៅទីក្រុងគ័ងចូវ និងទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុង បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍គណៈប្រតិភូ និងបានជម្រាបជូនអំពីសក្តានុពល ក៏ដូចជាគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តសម្រាប់ការវិនិយោគលើវិស័យទាំងពីរនេះ។ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ការវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី។

លើសពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទី តាមរយៈគម្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី ដែលនឹងទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងអត្ថប្រយោជន៍ពិសេសផ្សេងៗទៀត។ ឯកឧត្តមបានអំពាវនាវឱ្យក្រុមហ៊ុន ICAP ពិចារណាលើការវិនិយោគលើការកែច្នៃស្វាយចន្ទីដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលកម្ពុជាកំពុងមានតម្រូវការ។

ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការសម្រាប់ការផ្តល់ព័ត៌មានលម្អិត និងបានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យយានយន្តថាមពលថ្មី និងកសិ-ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន