កម្ពុជា-ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ​ការទូទាត់ឆ្លងដែន​តាមឃ្យូអរកូតរវាង KHQR នៃប្រទេស​កម្ពុជា និង JPQR នៃប្រទេសជប៉ុន
សេដ្ឋកិច្ច April 25, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខា​លើអនុស្សរណៈ យោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូ​អរកូត​រវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោល​បំណង​​បង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និង JPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជា​ដែល​​ប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅ​ប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុន​អាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។

ប្រភពដដែលបន្តថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបាន​ជ្រើស​យកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយ​ប្រទេសជប៉ុន ។រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមឃ្យូអរកូត​ជាមួយ​ភាគីកម្ពុជា។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែ​ទូលំទូលាយ បង្កើនសុវត្ថិភាព​ប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការ​ទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និង​កាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។ ទន្ទឹមនេះ ម្ចាស់អាជីវកម្ម​ក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHOR ក្នុងប្រទេសកម្ពុជា ឬ POR ក្នុងប្រទេសជប៉ុន នឹង ទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្ដល់ជម្រើស​ប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏​អាចគ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយ​សុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែន​នេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេស​ទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់​ខាងលើធ្វើឡើងដោយផ្អែកលើ​ក្របខណ្ឌ​អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្នាក់​ជាតិដែលបានចុះហត្ថលេខា​ដោយធនាគារ​ជាតិនៃ​កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃ​ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ជប៉ុន ដែលជាក្របខណ្ឌ​កិច្ចសហការទូទាត់ តាមឃ្យូអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។នេះបើតាមធនាគារជាតិនៃកម្ពុជាគូសបញ្ជាក់។

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ​សហការក្នុង វិស័យសាធារណៈ និងឯក​ជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធ​នៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាម​ឃ្យូអរ​កូតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតសម្រាប់ដំណាក់កាលទី១ គ្រោងនឹង​ដាក់ឱ្យដំណើរការក្នុងឆមាសទី១ឆ្នាំ២០២៥ អមព្រឹត្តិការណ៍​តាំងពិព័រណ៍​ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់​ឆ្នាំ២០២៥៕

ប្រភព៖ ក្រសួងព័ត៌មាន