ចំនួន QR code តាមបញ្ជទូទាត់ប្រាក់ និងហាងទំនិញនៅទូទាំងប្រទេសកើនដល់ជាង១,៥លាន ខណៈការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយ
សេដ្ឋកិច្ច April 24, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើនិងអនុញ្ញាតឱ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លានហើយ ខណៈការទូទាត់ឆ្លងដែនតាម KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់។

ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា គ្រឹះស្ថានធនាគារបានបើកគណនី និងផ្តល់ជា QR code ប្រមាណ១,៥លាន សម្រាប់ពាណិជ្ជករប្រើប្រាស់ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកជំទាវ បានថ្លែងថា កំណើននៃចំនួន QR code ទូទាត់ប្រាក់ ដែលពាណិជ្ជករដាក់នៅតាមហាងទំនិញ និងបញ្ជទូទាត់នានានេះ បញ្ជាក់ពីការការអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីសម្រួលដល់អតិថិជន និងសមាជិកក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់អន្តរគ្រឹះស្ថាន ក៏ដូចជាតាមកម្មវិធីធនាគារចល័ត ឬទូរស័ព្ទចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបន្តចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការទូទាត់ទំនិញ និងសេវាបានយ៉ាងងាយស្រួយ រហ័ស និងប្រសិទ្ធភាព ខណៈប្រព័ន្ធទូទាត់សងប្រាក់របស់កម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានតភា្ជប់ជាមួយប្រព័ន្ធទូទាត់អន្តរជាតិ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនបាន ជាពិសេស ពលករ និងអ្នកប្រកបអាជីវកម្មក្រៅប្រទេស។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ ម៉ាឡេស៊ី វៀតណាម ចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធទទួលបានផលប្រយោជន៍ តាមរយៈការទូទាត់ទំនិញនិងសេវាដោយប្រើ KHQR Code។

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការអភិវឌ្ឍប្រព័ន្ធទូទាត់នេះ បានចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់ សម្រាប់សហគ្រាស អាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ ស្របតាមយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជថលរបស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣៥៕

ប្រភព៖ ក្រសួងព័ត៌មាន