យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ ពោលកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងរយៈពេលដដែលនេះដែរ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១៧២ ជាមួយទុនវិនិយោគប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនជាការវិនិយោគរបស់ចិន។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ការនាំចូល នាំចេញទំនិញរវាងប្រទេសកម្ពុជា និងចិនមានទឹកប្រាក់សរុប ៤ ០៦៨,៦ លានដុល្លារ គឺកើនឡើង ២៦,៧ ភាគរយបើធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៣ ២១០,២៣ លានដុល្លារ។
ចំនួនទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន បានគ្របដណ្តប់ជិត៣០ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងត្រីមាសទី ១ ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ១៤ ៤៤៩,១៦លានដុល្លារ។ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅប្រទេសចិន ៣៤៨,១៩ លានដុល្លារ ថយចុះ ៤,៩ ភាគរយ ចំណែកទំនិញចិននាំចូល ៣ ៧២០,៤១ លានដុល្លារ កើន ៣០,៨ ភាគរយ៕




