សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំចរចាជាមួយអាម៉េរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល
សេដ្ឋកិច្ច April 8, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។

ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ចូលរួមចរចាជាមួយសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើស​ន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតប របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លើការដំឡើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា “ទិវារំដោះ” ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល ៤៩% បន្ទាប់ពីរដ្ឋបាលលោក ដូលណា ត្រាំ រកឃើញថា គម្លាតរវាងការនាំទំនិញពីកម្ពុជា ចូលទៅកាន់សហរដ្ឋអាមេរិក មានគម្លាតឱនភាពពាណិជ្ជកម្ម រហូតទៅដល់ ៩៧% ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធគយ រដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហានៗ នៅក្នុងជួររដ្ឋាភិបាល មុននឹងបញ្ជូនលិខិតមួយចំពោះមុខ ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ។

សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនដែលដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក រហូតដល់៩៧%នោះទេ ផ្ទុយទៅវិញ ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក កម្ពុជា ខ្ពស់បំផុតត្រឹម៣៥% ខណៈដែលជាមធ្យម មានត្រឹម២៩.៤% ប៉ុណ្ណោះ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្តត្រឹម ៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខ ដោយបានផ្ញើលិខិតមួយទៅរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្ទុយពីការលើកឡើង របស់ក្រុមប្រឆាំងមួយចំនួន ដែលចោទរដ្ឋាភិបាលកម្ពុជា មិនមានចំណាត់ការភ្លាមៗ លើបញ្ហាខាងលើនេះ ខណៈដែលសម្តេចធិបតីថា កិច្ចការខ្លះ មិនចាំបាច់បង្ហោះផ្សព្វផ្សាយនោះទេ តែត្រូវអនុវត្តភ្លាមៗទៅតែម្តង ។

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំក្រុមការងារ ជាជំហាន ២រួចទៅហើយ​ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ច ឱ្យក្រុមការងារមួ​យ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ជាឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិក ធ្វើការចរចា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជា ត្រៀមឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដើម្បីដឹកនាំចរចានេះ ព្រោះវាជាការឱ្យតម្លៃខ្ពស់ នៅក្នុងការចរចាដើម្បីផលប្រយោជន៍ជាតិ ។ ការចាត់តាំងមន្ត្រីចូលចរចាគឺស្មើនឹងការឱ្យតម្លៃ​ ថាតើសំខាន់ប៉ុណ្ណា បើយើងមិនឱ្យតម្លៃ យើងត្រឹមចាត់តាំងប្រធានយកដ្ឋានមួយក៏បានដែរ ឬមួយអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល ក្រៅពីនាយករដ្ឋមន្ត្រី​ អស់ពីណាធំជាងឧបនាយករដ្ឋមន្ត្រីហើយ»។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានឆ្លើយតប ទៅនឹងក្រុមប្រឆាំងមួយចំនួន ដែលតាំងខ្លួនធ្វើជាអ្នកចេះ បើជ្រុលជាមើលងាយសមត្ថភាព របស់សម្តេចទៅហើយ សូមឱ្យចំណាប់ច្បាស់ជាងសម្តេចផង។ ក្នុងន័យនេះ សម្តេចធិបតី បានសង្កេតឃើញថា អ្នករិះគន់​សម្តេច និងតាំងខ្លួនជាបណ្ឌិតសេដ្ឋកិច្ច ប៉ុន្តែបានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដើម្បីរៀបចំផែនការឱ្យទៅវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន