លោកជំទាវ ចម និម្មល៖ ការតម្លើងអត្រាពន្ធគយ របស់ ឯកឧត្តមប្រធានាធិបតី ត្រាំ ធ្វើឱ្យប៉ះពាល់ដល់អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់មកគឺធុរកិច្ចនៅកម្ពុជា
សេដ្ឋកិច្ច April 4, 2025 Khmernote

ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា “ជាការពិត នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល” នេះជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា៖ “ដូច្នេះការតម្លើងនេះ គឺអ្នកបញ្ជាទិញដំបូង និងប្រជាជននៅសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ផលិតផលពីកម្ពុជា គឺជាអ្នកទទួលរងផលប៉ះពាល់ដំបូង ហើយផលប៉ះពាល់បន្ទាប់គឺកម្ពុជា ជាពិសេសគឺអ្នកដែលធ្វើធុរកិច្ចក្នុងវិស័យដូចជាវិស័យវាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ធ្វើដំណើរជាដើម”។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រី បានពន្យល់បន្ថែមថា កិច្ចការតម្លើងនេះអត្រាពន្ធនេះ គឺជាវិធានការរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យមានតុល្យភាពនៃជញ្ជីញពាណិជ្ជកម្មរបស់ខ្លួនជាមួយដៃគូទាំងអស់នៅលើពិភពលោក មិនមែនធ្វើដាច់ដោយឡែកតែជាមួយកម្ពុជានោះទេ។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនី របស់យើង ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន