ក្រុមហ៊ុននាំចេញអង្ករ Amru Rice ផលិតបានពូជស្រូវស្រងែក្រអូប ដែលមានទិន្នផលខ្ពស់ហើយគ្រោងលក់ពូជចែកចាយដល់កសិករ
សេដ្ឋកិច្ច March 22, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះថា នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមហ៊ុននាំចេញអង្ករនេះ រំពឹងថានឹងលក់ចែកចាយទៅកសិករ នូវប្រភេទស្រូវស្រងែក្រអូបមានរសជាតិឆ្ងាញ់ទិន្នផលខ្ពស់មានអត្តសញ្ញាណជារបស់ខ្មែរ។

ស្រងែក្រអូបដែលសុទ្ធធនអាកាសធាតុបានផលច្រើនបានពីររដូវក្នុង១ឆ្នាំ វាមានទីផ្សារដោយសារ គុណភាពរូបរាងរបស់អង្ករស្រឡូន មានភាពប្រណិតឆ្ងាញ់ជាង អង្ករអូអឹមរបស់វៀតណាម។

យ៉ាងណាក៏ដោយ លោកស្រី ឃី មុន្នី បានបញ្ជាក់ថាស្រងែក្រអូប មិនមែនជាប្រភេទអង្ករប្រណីតទេ។ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រឹងប្រែងផ្សំវាឡើងដោយសារ ចង់បង្កើតពូជថ្មីមួយ ជំនួសពូជស្រូវវៀតណាមអូអឹម។

យោងតាមក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានអោយដឹងថា ការបន្សុទ្ធពូជស្រូវស្រងែក្រអូបថ្មី នៅថ្នាលបន្សុទ្ធពូជរបស់រោងចក្រអេមរុរ៉ាយស៍ខេត្តកំពង់ធំ និងស្ថានីយ៍បល្ល័ង្កទទួលបានផ្លែផ្កាជាទីពេញចិត្ត។

លោកអគ្គនាយក សុង សារ៉ន និងសហការីនៃក្រុមហ៊ុនអេមរុរ៉ាយស៍កាលពីចុងសប្តាហ៍មុន បានចុះមកពិនិត្យពូជស្រូវស្រងែក្រអូប ជំនាន់ទី២ ដែលជាពូជបន្សុទ្ធថ្មី នៅថ្នាលបន្សុទ្ធពូជរបស់រោងចក្រកែច្នៃអង្ករសាខាអេមរុរ៉ាយស៍ខេត្តកំពង់ធំ ដែលអាចផ្ដល់ទិន្នផលខ្ពស់ចន្លោះ៥ទៅ៦តោនក្នុងមួយហិកតា នៅស្ថានីយបល្ល័ង្ក ដែលមានទីតាំងនៅនៅភូមិបល្ល័ង្ក ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ពូជស្រូវស្រងែក្រអូបគឺជាពូជបន្សុទ្ធដែលស្ថិតក្រោមកម្មវិធីបន្សុទ្ធគ្រាប់ពូជ ស្រូវដែលមានភាពធន់នឹងអាកាសធាតុដែលបាននិងកំពុងរៀបចំ និងបន្សុទ្ធដោយអេមរុរ៉ាយស៍ ដែលជាពូជមានសក្តានុពលក្នុងការផលិត កិនកែច្នៃអង្ករដែលមានគុណភាពទៅកាន់ទីផ្សារអន្តរជាតិ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ មានកម្មវិធីបន្សុទ្ធស្រឡាយពូជស្រូវប្រពៃណីចំនួន៨ប្រភេទពូជ រួមមានពូជនាងអុក ពូជនាងអំសំបកក្រហម ពូជនាងអំសំបកខ្មៅ ពូជដំណើបខ្មៅ ពូជស្រងែ ពូជនាងកែវ ពូជរំបើស និងពូជម្លិះក្រហម ដែលជាពូជបុរាណខ្មែរ និងមានភាពធន់ទៅនឹងបំរ៉ែបំរួលអាកាសធាតុ។ កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលដៅសម្រេចឱ្យបាននូវពូជស្រូវដែលមានប្រភពច្បាស់លាស់ និងមានគុណភាពល្អ និងជាពិសេស ក្រុមហ៊ុនអេមរុរ៉ាយស៍ប្តេជ្ញាចូលរួមចំណែក រក្សានូវពូជប្រពៃណីបុរាណខ្មែរ ដើម្បីអាចគាំទ្រដល់កសិករក្នុងការបង្កើនការងារនិងចំណូល ក្នុងស្រុក និងដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះពូជស្រូវអង្ករល្អ និងមានតម្លៃនៅលើទីផ្សារក្នុងស្រុក និងអន្ដរជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន