ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់លំដាប់ពិភពលោក សម្លឹងមើលទីផ្សារវិនិយោគលើកដំបូងនៅកម្ពុជា
សេដ្ឋកិច្ច March 20, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ លោក GIAFAR SAFAVERDI នាយកប្រតិបត្តិក្រុមហ៊ុន IKEA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។

ការគូសបញ្ជាក់របស់នាយកប្រតិបត្តិខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនគណៈប្រតិភូពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម៕

ប្រភព៖ ក្រសួងព័ត៌មាន