ពីរខែដើមឆ្នាំទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនឡើង ១៦ភាគរយស្មើនឹងប្រមាណ ៩.៤៤ ពាន់លានដុល្លារ
សេដ្ឋកិច្ច March 13, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់​កម្ពុជា​សម្រេចបានប្រមាណ ៩.៤៤ ពាន់លានដុល្លារ​អាមេរិក​​ពោលគឺកើនឡើង ១៦.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំ២០២៤។នេះបើយោងតាមរបាយ​ការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រភពដដែលបញ្ជាក់ថា ចាប់ពីខែមករាដល់ខែកុម្ភៈ កម្ពុជាបាននាំ​ចេញទំនិញទៅបរទេសក្នុងតម្លៃ ៤ ៤៦០លានដុល្លារ គឺកើនឡើង ១១.៩ ភាគរយ ​ខណៈការនាំចូលមកវិញចំនួន ៤ ៩៨៧លានដុល្លាររ កើនឡើង ២០.៦ ភាគរយ។

របាយការណ៍បានគូសរំលេចថា អាមេរិក និងវៀតណាម គឺជាទីផ្សារធំ​សម្រាប់ការនាំចេញរបស់កម្ពុជា ។ ទីផ្សារសហរដ្ឋ​អាមេរិកមានទំហំ​នាំចេញចំនួន ១,៦២៦ លានដុល្លារ និងទីផ្សារវៀតណាមទំហំនាំ​ចេញ ៦៤៨ លានដុល្លារ។ ចំណែកប្រទេសចិន ក៏ជាអ្នកនាំចូល​ដ៏ធំបំផុត​របស់កម្ពុជា ជាមួយនឹងទឹកប្រាក់ចំនួន ២,៤៤៤ លានដុល្លារ គឺ កើនឡើង២៤ភាគរយពីឆ្នាំមុន។

គប្បីជម្រាបជូនថា ផលិតផលនាំចេញសំខាន់របស់កម្ពុជា រួមមាន​សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិត​ផលស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេង​លេង និងវាយនភណ្ឌ។

​ធនាគារជាតិនៃកម្ពុជាបានព្យាករថា ឆ្នាំ២០២៥នេះកំណើន​សេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងអត្រា ៦.២ភាគរយ ដោយ​សារតែកំណើនដ៏រឹងមាំនៃការនាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ គួបផ្សំនឹងការរីក​ចម្រើនជា​វិជ្ជមាននៃវិស័យទេសចរណ៍ និងកសិកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន