ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរ រកប្រាក់ចំណូល បានជាង ១៣លានដុល្លារ កើនឡើងជាង ១៧%
សេដ្ឋកិច្ច March 3, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។

បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។

ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០,១៤៣ដុល្លារផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន