យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល ចំនួន ១ ២៩២មូលដ្ឋានបានចុះបញ្ជីក្នុងឆ្នាំ២០២៤ កន្លងទៅ នេះ។ របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញក្នុងសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារក្នុងឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន ១៧មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីរ រាជធានី-ខេត្តចំនួន៨៣១មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រដំណើរការចំនួន ១.០៥២ មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន ១.៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន ២៥.៨៣៣នាក់។ ទន្ទឹមនឹងនេះ ក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានបិទចំនួន ១៩៥០ មូលដ្ឋានផងដែរ ដែលការណ៍នេះបានធ្វើឱ្យពលកម្មថយចុះចំនួន ១៣ ៥៧៦នាក់។

ប្រភពដដែលបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួន ៤៣.៩៧០មូលដ្ឋាន (សហគ្រិនស្ត្រី ៨.៣២៥មូលដ្ឋាន) និងពលកម្មចំនួន ៤៧៦.២២៣នាក់ (ស្ត្រីជាង ១៤ម៉ឺននាក់)។
ក្នុងសន្និបាតឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ក្រសួងបាន និងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួលក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជាក្នុងដំណើរចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ដោយជោគជ័យ។
ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងយកចិត្តទុកដាក់អភិវឌ្ឍឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រង និងកាត់បន្ថយហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យា៕
ប្រភព៖ ក្រសួងព័ត៌មាន