យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករពីកម្ពុជា ដោយបានជឿជាក់ថា អង្ករកម្ពុជាមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អដាច់គេលើពិភពលោក ៦លើកជាប់ៗគ្នានាពេលកន្លងមកនេះ។

ការគូសបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាខាងលើ បានធ្វើឡើងក្នុងឱកាសទទួលទានអាហារការងារពេលព្រឹកជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការនាំចូលអង្ករពីកម្ពុជា និងបានជំរុញឲ្យភាគីពាក់ព័ន្ធបង្កើននូវកិច្ចសហប្រត្តិបត្តិការក្នុងការជម្រុញការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវ និងអង្ករ។
លោកជំទាវរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយបានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា ជាពិសេសអង្ករប្រណិត និងប្រភេទអង្ករផ្សេងៗទៀត ព្រមទាំងវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្មរួមមាន៖ ស្វាយចន្ទី និងតំឡូងមីជាដើម។
សូមបញ្ជាក់ជូនថា ការនាំចេញក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួន ៩២.៧០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៥៤ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨% និងអង្ករផ្សេងៗចំនួន ០.២៧%។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ប្រភព៖ ក្រសួងព័ត៌មាន