សញ្ញាល្អ! ក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលចំនួន ៣ របស់ជប៉ុន ពិភាក្សាជាមួយកម្ពុជាដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារជប៉ុន
សេដ្ឋកិច្ច February 4, 2025 Khmernote

ក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលចំនួន ៣ របស់ជប៉ុន ពិភាក្សាជាមួយកម្ពុជាដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

តាមរយៈផេកផ្លូវការរបស់ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជាអនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់បន្ថែមអំពីវិស័យអង្កររបស់កម្ពុជា និងបានទទួលស្គាល់អំពីសក្តានុពលអង្ករកម្ពុជា ព្រមទាំងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការណែនាំអង្កររបស់កម្ពុជាទៅកាន់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ។ ជាលទ្ធផល ភាគីទាំងពីរ បានបង្ហាញពីសុទិដ្ឋិនិយម និងទស្សនវិស័យរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់អង្ករកម្ពុជានៅក្នុងទីផ្សារជប៉ុន ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុនខាងលើនេះ បានធ្វើប្រតិបត្តិការគ្របដណ្ដប់ជាង ៨០% នៃទីផ្សារនាំចូលអង្កររបស់ប្រទេសជប៉ុន ដោយក្នុងចំណោមនោះ ក្រុមហ៊ុន ITOCHU Corporation គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ទី១ ក្នុងវិស័យនាំចូលអង្ករនៅប្រទេសនេះ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម