«ការនាំចេញស្រូវប្រចាំថ្ងៃ» វិលទៅរកប្រក្រតីភាពឡើងវិញ ខណៈដែលទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ
សេដ្ឋកិច្ច February 3, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតាមបណ្តាញសង្គម នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា «ការនាំចេញស្រូវប្រចាំថ្ងៃ»បានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់។

(រូបតំណាង)

ឯកឧត្តមអ្នកនាំពាក្យ បានបន្តថា ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន