កម្ពុជាទទួលបានចំណូលជាង ៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ក្នុងខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច February 3, 2025 Khmernote

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង ៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។

ក្នុងខែដំបូង ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ១៤៦,១៤០នាក់ កើន ២៦.៤៩% និងទទួលបានចំណូល ៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង ២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

ខែដំបូង ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ២៩២,២៨០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន