យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្មីៗនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មុនអំឡុងពេលចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ការបញ្ជាទិញភោគផលកសិកម្មពិសេសស្រូវមានសកម្មភាពយឺត និងបញ្ជាទិញតិច ដូចនេះ ប្រជាកសិករច្រូតហើយគួរកុំបង្ខំចិត្តលក់ភ្លាមៗ ដោយរក្សាទុកស្រូវក្នុងឃ្លាំងសិន ប្រសិនបើមានលទ្ធភាព ពីព្រោះតម្លៃស្រូវអាចនឹងល្អឡើងវិញក្រោយពេលចូលឆ្នាំចិនវៀតណាមនេះ ខណៈពេលនោះការបញ្ជាទិញអាចនឹងមានការកើនឡើងវិញដែរ។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីស្រូវអូអឹមបានធ្លាក់ថ្លៃកាលពីដើមខែមករា ឆ្នាំ២០២៥នេះមក។ យ៉ាងណាក៏ដោយ រដូវចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ចាប់ពីថ្ងៃទី២៩ ហើយនឹងបញ្ចប់នៅដើមខែកុម្ភៈនេះហើយ។ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ឡើងវិញថា សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាមុននេះ ជាប់ដៃប្រមូលទិញស្រូវចុងរដូវវស្សា ដោយរោងម៉ាស៊ីនកិនស្រូវខ្លះអស់ទុនហើយខ្លះអស់ឃ្លាំង ខណៈកាលពីដើមខែមករាស្រូវប្រាំងអូអឹមដើមដៃក៏មកដល់។ យ៉ាងណាក៏ដោយបន្ទាប់ពីរាជរដ្ឋាភិបាលទម្លាក់ទុនអោយខ្ចី រោងម៉ាស៊ីនកិនស្រូវចាប់ផ្តើមដើរប្រមូលទិញឡើងវិញហើយ។
យោងតាមគេហទំព័រសហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងអំពីតម្លៃប្រមូលទិញស្រូវអូអឹមក្នុងសភាពសើមដល់វាលស្រែនិងយោលទៅលើគុណភាពស្រូវកាលពីថ្ងៃទី២៩មករា ឆ្នាំ២០២៥នៅតាមតំបន់ ដូចជាតម្លៃ ៨១០រៀលក្នុង១គីឡូក្រាមនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ តម្លៃ ៨១០រៀល ក្នុង១គីឡូក្រាម នៅស្រុកសន្ទុកខេត្តកំពង់ធំ។ តម្លៃ ៨០០រៀល ក្នុង១គីឡូក្រាម នៅស្រុកជីក្រែងខេត្តសៀមរាប។ តម្លៃ ៧៥០រៀល ក្នុង១គីឡូក្រាម នៅស្រុក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ តម្លៃ ៧៨០រៀល ក្នុង១គីឡូក្រាម នៅស្រុកសង្កែខេត្តបាត់ដំបង។ តម្លៃ ៧៧០រៀលក្នុង ១គីឡូក្រាមនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ តម្លៃ ៧៥០រៀល ក្នុង១គីឡូក្រាម នៅស្រុកបាកានខេត្តពោធិសាត់។ តម្លៃ ៨២០រៀលក្នុង ១គីឡូក្រាមនៅស្រុកព្រៃកប្បាស់ខេត្តតាកែវ។ តម្លៃ ៨០០រៀលក្នុង ១គីឡូក្រាមនៅស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង។
សូមរំលឹកថា យោងតាមក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានអោយដឹងថានៅមុនឆ្នាំ២០២០ តម្លៃស្រូវអូអ៉ឹម ៥៤៥១ ក្នុង១គីឡូក្រាម គឺក្រោម១០០០រៀល។ ប៉ុន្តែនៅអំឡុងឆ្នាំ ២០២៣ និង២០២៤ ពេលកើតមានបាតុភូតធម្មជាតិអែលនីណូ ដែលរាំងស្ងួតបានប៉ះពាល់ដល់មុខរបរកសិកម្ម ពិសេសដំណាំស្រូវ។ ប្រទេសឥណ្ឌាបានដាក់ចេញគោលនយោបាយស្ថេរភាពស្បៀង ដោយបានបិទការនាំចេញអង្ករដែលខ្លួនធ្លាប់បានផ្គត់ផ្គង់ចំណែក ២០ភាគរយលើទីផ្សារពិភពលោក ។ នៅអំឡុងនោះ ស្រូវអូអឹមកម្ពុជាមានឱកាសទីផ្សារ ដោយឈ្មួញវៀតណាមបានមកទិញស្រូវអូអ៉ឹម៥៤៥១ ពីកម្ពុជា ដើម្បីបំពញតម្រូវការទីផ្សារ ដែលធ្វើអោយស្រូវអូអ៉ឹម៥៤៥១ ខ្មែរមានតម្លៃឡើងដល់ ១៣០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅដើមឆ្នាំ២០២៥នេះ គ្រោះធម្មជាតិអែលនីណូលែងគំរាមកំហែងទៀតហើយ បានអនុញ្ញាតអោយឥណ្ឌាអាចបញ្ចេញស្តុកអង្កររបស់ខ្លួនដើម្បីនាំទៅលក់នៅលើទីផ្សារអន្តរជាតិវិញបាន។ ដូចនេះចំណែកទីផ្សារអង្ករត្រូវបានឥណ្ឌាបំពេញឡើងវិញហើយ ធ្វើអោយឱកាសទីផ្សារអង្ករកម្ពុជា ត្រូវបានបាត់បង់វិញដែរ ហើយស្ថិតនៅក្នុងការប្រកួតប្រជែងខ្លាំងហើយនៅទីបំផុតបានធ្វើអោយតម្លៃស្រូវអូអ៉ឹម៥៤៥១របស់កម្ពុជាវិលទៅសភាពដើមវិញ ដូចមុនពេលឥណ្ឌាបិទការនាំចេញ ដែលមានតម្លៃក្រោម ១០០០រៀលក្នុង១គីឡូក្រាម៕
ប្រភព៖ ក្រសួងព័ត៌មាន