ក្រុមហ៊ុនជប៉ុនធំមួយ ចាប់អារម្មណ៍វិនិយោគលើដំណាំស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសផ្ដោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ (គោ)។

បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបលោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners Co., Ltd. ដែលមានបំណងមកសិក្សាស្វែងយល់ពីវិស័យស្វាយចន្ទីនៅកម្ពុជា។
ក្នុងឱកាសនោះ លោក Tsutomu បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសនឹងផ្តោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ (គោ)។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីសក្តានុពលរបស់វិស័យ ស្វាយចន្ទីនៅកម្ពុជា ខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី៕
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា