យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណង ជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសន្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ ខណៈដែលកម្មវិធីនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤។

យោងតាមសេចក្តីជូនដំណឹង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះថា តាមរយៈកម្មវិធីនេះនេះ ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាពក្នុងឆ្នាំ ២០២៥ រួមមាន៖
១. គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង
២. គម្រោងវិនិយោគ ឬ ធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង
និង ៣. ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្ត នឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។
ជាមួយគ្នានោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួងស្ថាប័ន នឹងបន្តភារកិច្ចដឹកនាំ សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា «ច្រកចេញចូលតែមួយ» ។
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពាវនាវដល់ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ ដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទកតេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០៕
ប្រភព៖ ក្រសួងព័ត៌មាន