យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូននៅឆ្នាំ២០២៤ កន្លងមកនេះ បានរកចំណូលពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនបានថវិកាប្រមាណ ១៨,៥១ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកដល់អ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងសន្និបាតក្រសួងសារធាណការនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ ក្រោមងធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ការងារដឹកជញ្ជូនផ្លូវគោកក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជីលិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូនផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត ៥៥ ៣៥៧គ្រឿង) កើនឡើង ០,០១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣៧០ ៥៧៧គ្រឿង ។
របាយការណ៍បានឲ្យដឹងទៀតថា ក្រសួងសាធារណការបានចុះបញ្ជីរថយន្តបំពាក់ផ្លាក លេខពិសេស និងពិសេសផ្ទាល់ ខ្លួនចំនួន ៣០ ៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក។ បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៣ ១២២គ្រឿង កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង។ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង ១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង ។
ជាមួយគ្នានោះដែរក្រសួង បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យមានចំនួន ១ ៨០៣គ្រឿង ថយចុះ ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ២៤៧គ្រឿង និងបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសមានចំនួន ៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង៕
ប្រភព៖ ក្រសួងព័ត៌មាន