សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចដំឡើងកញ្ចប់ថវិការហូតដល់ ១៥០លានដុល្លារ ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ
សេដ្ឋកិច្ច January 20, 2025 Khmernote

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។ សម្ដេចបវរធិបតី បានប្រកាសបែបនេះ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « យើងមានវិធានការ ២ ដែលរាជរដ្ឋាភិបាលបានបញ្ចេញ វិធានការផ្ទាល់ និងវិធានការប្រយោល។ ឥលូវបើយើងនិយាយពីតម្លៃស្រូវឆ្នាំនេះ […..] ឆ្នាំទៅតាំងស្រូងអង្ករស…បានតម្លៃល្អ ឆ្នាំនេះធ្លាក់ចុះ ពេលខ្លះក្រោម ៨០០រៀល តែស្រូវអង្ករក្រអូប ដូចជា ១២០០រៀល ទៅ ១៣០០រៀល។ ចំពោះវិធាន ក្នុងការដោះស្រាយ ចំពោះវិធានការផ្ទាល់ កន្លងទៅចន្លោះ ពីខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ហើយខែមេសា និងខែឧសភា ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលគ្រោងបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីឱ្យទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីជាទុនបង្វិលទិញកសិផលពីប្រជាពលរដ្ឋ។ ហើយខ្ញុំបានផ្ដល់ការឯកភាពដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រៀមផ្ដល់សម្រាប់នៅខែមករា ដល់ខែ​ មីនា ថវិកាចំនួន ៣០លានដុល្លារ ដើម្បីជាទុនបង្វិលដល់ម៉ាស៊ីនកិនស្រូវ ដើម្បីជួយប្រមូលទិញកសិផល ពីប្រជាពលរដ្ឋពីប្រជាកសិករ។ នេះគឺជាការ ជួយបង្វិលមួយចំនួន ទុនត្រូវការធំជាងនេះ ប៉ុន្តែអ្វីដែលយើងអាចជួយបាន នេះជាវិធានការមួយ ដើម្បីបង្កើននូវការទិញ នេះគឺជាអ្វីដែលយើងបានដាក់ចេញ »។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា «យើងមានយុទ្ធការធានាឥណទាន សម្រាប់ការនាំចេញអង្ករ ដែលមានទំហំគម្រោងពី ៣០លានដុល្លារ ឥលូវយើងដំឡើងរហូតដល់ ១៥០លានដុល្លារ ដែលបានឯកភាពកាលពីសប្ដាហ៍មុន […] ១៥០លានដុល្លារ គឺដើម្បីធានាដល់រោងមាស៊ីនកិនស្រូវ អាចមានលទ្ធភាពទៅខ្ចីលុយពីធនាគារឯកជន ដើម្បីមកធ្វើជាទុនបង្វិលបានរាប់រយលានតទៅទៀត នេះហើយជាការដោះស្រាយ ព្រោះបើសិនជាអត់មានលុយ ១៥០លានដុល្លារ ដើម្បីដាក់ធានាឱ្យម៉ាស៊ីនកិនស្រូវទេ ម៉ាស៊ីនកិនស្រូវទៅខ្ចីលុយធនាគារអត់បានទេ »៕

អត្ដបទ៖ លីនី