ក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដាក់ដំណើរការរោងចក្រផលិតស្រោមដៃរបស់ខ្លួនជាផ្លូវការនៅកម្ពុជា
សេដ្ឋកិច្ច January 17, 2025 Khmernote

រោងចក្រផលិតស្រោមដៃ របស់ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. បានបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ។

ពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អញ្ជើញជាកិត្តិយសចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ និងពីសំណាក់លោកជំទាវ Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ, លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, លោក Anton Martin Magnusson ប្រធានក្រុមហ៊ុន HESTRA (CAMBODIA) Co., Ltd. ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

មានមតិក្នុងពិធីនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលបានសម្រេចចិត្តមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកក្រុមហ៊ុនធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម។ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលនេះ ដែលនឹងមិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារជូនបងប្អូនកម្មករនិយោជិតក្នុងស្រុកទៀតផង។

គួរបញ្ជាក់ផងដែរថា HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦។ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទី១ របស់ប្រទេសស៊ុយអែត ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ ឯកឧត្តមអគ្គលេខាធិការមានការជឿជាក់ថា នឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកបណ្តាក់ទុនវិនិយោគកម្ពុជាផងដែរ៕

អត្ថបទ៖​ លីនី