ធុរជនកាណាដាប្រមាណ ៨០ក្រុមហ៊ុន នឹងមកកម្ពុជាដើម្បីស្វែងរកដៃគូ និងឱកាសវិនិយោគ
សេដ្ឋកិច្ច January 17, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ធុរជនកាណាដាប្រមាណ ៨០ក្រុមហ៊ុន នឹងមកកម្ពុជា ដើម្បីស្វែងរកដៃគូ និងឱកាសវិនិយោគ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ដេវីដ វឺប្យូសស្គី ជាភារធារី និងលោក ម៉ែន ប៊ុនឡេង ជាប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នាសណ្ឋាគារភ្នំពេញ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងពិភាក្សាលើកិច្ចសហការក្នុងការត្រៀមរៀបចំទទួលប្រតិភូធុរកិច្ចកាណាដា ដែលគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ក្នុងជំនួបនេះ លោក ភារធារី បានជម្រាបជូនអំពីគម្រោងដឹកនាំប្រតិភូធុរកិច្ចកាណាដាប្រមាណ ៨០ក្រុមហ៊ុន ដែលមានបំណងស្វែងរកដៃគូ និងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រ និងកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា ដើម្បីផ្ដល់នូវឱកាសធុរកិច្ចដល់ធុរជននៃប្រទេសទាំងពីរធ្វើការតភ្ជាប់ទំនាក់ទំនងទៅវិញទៅមក។

យោងតាមលទ្ធផលនៃជំនួបនេះ ស្ថាប័នទាំងពីរបានបង្ហាញក្ដីរីករាយក្នុងការផ្ដល់កិច្ចសហការ និងការគាំទ្រលើការរៀបចំឱ្យមានព្រឹត្តិការណ៍ធុរកិច្ចជាមួយគ្នា និងរៀបចំជាក្រុមការងារសម្រាប់ជាយន្តការសម្របសម្រួលការងារនេះឱ្យបានជោគជ័យផងដែរ៕

ប្រភព៖ សមាគមឧកញ៉ាកម្ពុជា