ឯកឧត្តម ឃឹម ហ្វីណង់៖ ស្របពេលស្រូវអូអឹមវៀតណាមកំពុងធ្លាក់ថ្លៃ កសិករមកពីឃុំចំនួន ២ ស្ម័គ្រចិត្តរួមគ្នាជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូប ក្នុងតម្លៃកុងត្រាចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ
សេដ្ឋកិច្ច January 14, 2025 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី ៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី ១៣០០៛/គីឡូក្រាមឡើងទៅ។

តាមរយៈផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ផងដែរថា ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬ ត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ ហើយនេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវឱ្យជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា៕

ប្រភព៖ ផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ