ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណជិត ៦.៩ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង»។
ទន្ទឹមនឹងនេះដែរ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៦៤គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។
ជារួមក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។
ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះវិស័យកសិកម្ម និងកសិ- ឧស្សាហកម្មមានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១លានដុល្លារ ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១.៣ពាន់លានដុល្លារស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕







ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


