ក្រុមហ៊ុនចិនវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា
សេដ្ឋកិច្ច January 13, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្ដម សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុន នៅក្នុងប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជននិងបង្កើនេសដ្ឋកិច្ចជាតិ។ ឯកឧត្តមប្រធានប្រតិភូ បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិត ហើយលើកយកពីគោលបំណងចំពោះការវិនិយោគលើការកែច្នៃសំរាម ដើម្បីផលិតជាថាមពលអគ្គិសនី ដែលអាចជួយដោះស្រាយបញ្ហាសំរាម និងជួយលើកកម្ពស់បរិស្ថាន ដើម្បីរាយការណ៍ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅពេលបន្ទាប់ពីទស្សនកិច្ច។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេល១ ឆ្នាំ កម្ពុជា បានបង្កើតសំរាមជាង ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមចំនួនជាង ១ម៉ឺនតោនត្រូវបានបញ្ចេញចោល ក្នុង១ ថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានប្រមាណ ៤០០០ តោនក្នុង ១ថ្ងៃ ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថាសំរាម ទាំងនោះ មានសំណល់ ម្ហូបអាហារ មានចំនួន ៦០% , សំណល់ប្លាស្ទិកមាន ប្រមាណ ២០% , និងសំណល់ផ្សេងៗ។ ក្នុងពេលបច្ចុប្បន្ន សំ រាមត្រឹមតែ ៦៤ ភាគរយ ប៉ុណ្ណោះ ដែល បានយកទៅចាក់នៅទីលានទុកដាក់សំរាម នៅទូទាំងប្រទេសមានចំនួន ២១០កន្លែង។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុង១ថ្ងៃ សំរាម មានជាង ១ម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់ រឹង សំរាមនៅ ប្រទេសកម្ពុជា គឺមានចន្លោះពី ១០ទៅ ១៥%នៅក្នុង ១ឆ្នាំ ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាម នៅតាមទីសាធារណៈ ជាពិសេសសំណល់ប្លាស្ទិក ចាំបាច់ត្រូវការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈនិងឯកជន ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់ប្លាស្ទិក។ ឯកឧត្តមបាន ស្នើឲ្យពលរដ្ឋបន្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានចូលរួមរើសសំរាម សំអាតអនាម័យបរិស្ថានព្រមៗគ្នា នៅតាមមូលដ្ឋាននៅតាមផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈនានា ប្រមូលទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត កម្ពុជាស្អាតគ្មានសំរាម សំណល់ប្លាស្ទិក បោះចោលរាយប៉ាយ ក្នុងមូលដ្ឋាន និងនៅតាមដងផ្លូវ នៅពេលខាងមុខដ៏ខ្លី៕

ប្រភព៖ ក្រសួងព័ត៌មាន